សមាគមសហគ្រិនស្រ្តីកម្ពុជា បានរៀបចំ “មហាសន្និបាតប្រចាំឆ្នាំ២០២៤ និងការបោះឆ្នោតជ្រេីសតាំងក្រុមប្រឹក្សាភិបាលអាណត្តិទី៥ រួមនឹងខួបអនុស្សាវរីយ៍លើកទី១២នៃការបង្កើតសមាគមសហគ្រិនស្រ្តីកម្ពុជា
សមាគមសហគ្រិនស្រ្តីកម្ពុជា បានរៀបចំ “មហាសន្និបាតប្រចាំឆ្នាំ២០២៤ និងការបោះឆ្នោតជ្រេីសតាំងក្រុមប្រឹក្សាភិបាលអាណត្តិទី៥ រួមនឹងខួបអនុស្សាវរីយ៍លើកទី១២នៃការបង្កើតសមាគមសហគ្រិនស្រ្តីកម្ពុជា” ក្រោមអធិបតីភាព លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងជាសហស្ថាបនិកនៃសមាគមសហគ្រិនស្រ្តីកម្ពុជា ដែលបានប្រារព្ធធ្វើឡើងនៅថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ។
លោកជំទាវកិត្តិបណ្ឌិត បានចូលរួមអបអរសាទរ និងសម្តែងការកោតសរសើរអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាភិបាល លេខាធិការដ្ឋាន សមាជិករបស់សមាគមគ្រប់ជំនាន់ ដែលរួបរួមសាមគ្គី និងមានឆន្ទ:មោះមុត ក្នុងការពង្រឹងសមាគមឱ្យកាន់តែមានភាពរីកចម្រើន និងពង្រីកសាខាទៅតាមបណ្តាខេត្តជាច្រើន ដែលសរុបមាន៥សាខា ក្នុងរយ:ពេល ១២ឆ្នាំកន្លងមកនេះ។ វត្តមានរបស់ស្រ្តីកម្ពុជាកាន់តែត្រូវបានទទួលស្គាល់ និងមានភាពសកម្មនៅក្នុងសេដ្ឋកិច្ច និងសង្គម ជាពិសេសនៅក្នុងយុគ្គសម័យឌីជីថល។ យើងត្រូវបន្តយកចិត្តទុកដាក់ឱ្យបានជាអតិបរមា ក្នុងការអនុវត្តយុទ្ធសាស្តបញ្ចកោណរបស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្នុងនោះបានបន្តកំណត់ ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្រ្តីនិងក្មេងស្រីនៅគ្រប់វិស័យ ជាអាទិភាពក្នុងរបៀបវារៈគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ តាមរយៈការពង្រឹងភាពជាពលរដ្ឋ ក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ «ស្រ្តី គឺជាស្នូល»។
មុននឹងបញ្ចប់ លោកជំទាវកិត្តិបណ្ឌិត បានអបអរសាទរ និងផ្ដល់ជាអនុសាសន៍ណែនាំដល់ក្រុមប្រឹក្សារបស់សមាគមសហគ្រិនស្រ្តីនាអាណត្តិថ្មីនេះក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ជំនាញ និងចំណេះដឹងលើការអភិវឌ្ឍអាជីវកម្មរបស់ខ្លួន និងបំពេញបេសកកម្មរបស់សមាគមនាថ្ងៃខាងមុខ ព្រមទាំងពង្រឹងនិងភ្ជាប់បណ្តាញទំនាក់ទំនង ដែលនេះជាកម្លាំងដ៏សំខាន់មួយ ក្នុងការគាំទ្រគ្នាទៅវិញទៅមក ដូចពាក្យស្លោកមួយ បានលើកឡើថា «បើអ្នកចង់ទៅលឿន ទៅតែឯង, បើអ្នកចង់ទៅបានឆ្ងាយ ទៅជាមួយគ្នា»។
ក្រុមប្រឹក្សាភិបាលនៅក្នុងអាណត្តិទី៥ ទាំង១១រូប ដែលត្រូវសមាជិការបស់សមាគមសហគ្រិនស្ត្រីកម្ពុជា ផ្តល់ទំនុកចិត្ត និងបោះឆ្នោតជូនរួមមាន៖
១- អ្នកស្រី ចាន់ ភារី (ជាប្រធាន)
២- អ្នកស្រី យូ បូរី (អនុប្រធាន)
៣- កញ្ញា ស៊ុន ស៊ីហនិតនោវី (អនុប្រធាន)
៤- អ្នកស្រី ទី ប៊ុន (សមាជិកក្រុមប្រឹក្សា)
៥- អ្នកស្រី យិន សំណាង (សមាជិកក្រុមប្រឹក្សា)
៦- អ្នកស្រី លឹម ណាវី (សមាជិកក្រុមប្រឹក្សា)
៧- អ្នកស្រី ចេន សុភាព (សមាជិកក្រុមប្រឹក្សា)
៨- អ្នកស្រី គ្រី សុខហ៊ាង (សមាជិកក្រុមប្រឹក្សា)
៩- អ្នកស្រី ឌុច លីនដា (សមាជិកក្រុមប្រឹក្សា)
១០- អ្នកស្រី តិច ស៊ីមហ៊ាង (សមាជិកក្រុមប្រឹក្សា)
១១- អ្នកស្រី សូ សេរីវឌ្ឍនា (សមាជិកក្រុមប្រឹក្សា)