សហគ្រិនស្ត្រីមានឱកាសជោគជ័យកាន់ច្រើននាពេលខាងមុខផ្អែកលើគោនយោបាយនិងបច្ចេកវិទ្យារីកចម្រើន

សហគ្រិនស្ត្រីមានឱកាសជោគជ័យកាន់ច្រើននាពេលខាងមុខផ្អែកលើគោនយោបាយនិងបច្ចេកវិទ្យារីកចម្រើន

ស្របពេលប្រទេសកម្ពុជាកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យ គេសង្កេតឃើញពលរដ្ឋខ្មែរមានផ្នត់គំនិតជាសហគ្រិនចេញមកប្រកបរបរអាជីវកម្មកាន់តែច្រើននៅក្នុងសង្គមនាពេលបច្ចុប្បន្ន ហើយនៅថ្ងៃខាងមុខមានការប៉ាន់ប្រមាណថាស្ត្រីដែលមានគំនិតជាសហគ្រិនគឺមានឱកាសជោគជ័យលើអាជីវកម្មរបស់ខ្លួនមានកាន់តែច្រើនថែមទៀតបន្ទាប់ពីមានគោលនយោបាយគំាទ្រផ្នែកហិរញ្ញវត្ថុស្របពេលបច្ចេកវិទ្យាកំពុងរីកចម្រើនឆ្ពោះទៅមុខ។

លោកបណ្ឌិត តាន់ មុនីវណ្ណ អគ្គនាយករងក្រុមហ៊ុន ម៉ុងឬទ្ធី គ្រុប និងជាបុគ្គលល្បីមួយរូបនៅក្នុងសង្គម បានមើលឃើញថាសហគ្រិនជោគជ័យឬលេចធ្លោនៅក្នុងអាជីវកម្មរវាងបុរសនិងស្ត្រីនៅពេលបច្ចុប្បន្នមានភាពប្រហាក់ប្រហែលគ្នាតែទៅថ្ងៃខាងមុខផ្អែកលើគោលនយោបាយគំាំទ្រហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាលនឹងជំរុញឱ្យស្ត្រីមានឱកាសជោគជ័យកាន់តែច្រើនថែមទៀត។

លោកបណ្ឌិត តាន់ មុនីវណ្ណ មានប្រសាសន៍ថា «សហគ្រិនជោគជ័យរវាងបុរសនិងស្ត្រីនៅពេលសព្វថ្ងៃនេះ ខ្ញុំគិតថាវាមានប្រហាក់ប្រហែលគ្នា ហើយបើសិនយើងមើលទៅនៅក្នុងគោលការណ៍របស់រាជរដ្ឋាភិបាល ពិសេសនៅក្នុងគោលការណ៍ហិរញ្ញវត្ថុផ្សេងៗ គេមានការគំាំទ្រច្រើនទៅលើស្ត្រី។ អ៊ីចឹងបើយើងមើលទៅលើការជំរុញ ការគំាំទ្រនិងការអប់រំ រួមទំាងគោលនយោបាយគាំទ្រហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាលថែមទៀតនោះខ្ញុំគិតថាសហគ្រិនស្ត្រីមានឱកាសជោគជ័យច្រើនមែនទែន ហើយមកដល់ម៉ោងនេះបច្ចេកវិទ្យាមានការរីកចម្រើន ធ្វើមនុស្សប្រើបញ្ញាមិនប្រើកម្លំាង។ដូចនេះ ដល់ពេលសហគ្រិនស្ត្រីមានការកែលម្អរ ប្រឹងប្រែងធ្វើយ៉ាងម៉េចឱ្យសមត្ថភាពរបស់ខ្លួនអាចស្មើរឬអាចលើសសហគ្រិនបុរស»។

បើតាមលោកបណ្ឌិត តាន់ មុនីវណ្ណ សម្រាប់កម្ពុជានាពេលបច្ចុប្បន្នកំពុងមានការបើកចំហរហើយក៏ជាឱកាសមួយសម្រាប់ក្មេងស្រីៗ ដូចនេះនៅតាមគ្រួសារគួរមានការលើកទឹកចិត្តដល់កូនស្រីឱ្យមានការចូលរួមនៅក្នុងសង្គមឱ្យបានច្រើនកុំគិតបារម្ភឬដាក់គំនាបដល់កូនៗច្រើនពេក។

លោកបណ្ឌិតលើកឡើងថា កន្លងមកយើងដឹងហើយថាចំណុចខ្សោយរបស់ស្ត្រីមានការជាប់របំាងប្រពៃណីខ្លះ។ខ្ញុំអាចនិយាយបានថាជូនកាលស្ត្រីខ្លួនឯងមិនទាន់មានស្មារតីគ្រប់គ្រាន់នៅក្នុងការប្រកបអាជីវកម្មឬទៅកាន់តួនាទីធំៗ ហើយការជាប់គំនាបពីគ្រួសារនេះ មិនអនុញ្ញាតឱ្យស្ត្រីមានក្លាហាននិងចេញទៅក្រៅចូលរួមនៅក្នុងសង្គមបានច្រើន។ វិស័យអប់រំនៅប្រទេសខ្លះដាក់គំនាបទៅដល់ក្មេងស្រីមិនចង់ឱ្យទៅរៀនសូត្រ ហើយអ្នករកស៊ីនៅប្រទេសខ្លះទៀតស្ត្រីមិនអាចចេញទៅរកស៊ីប្រកបអាជីវកម្មអ្វីបាន។តែមកដល់ម៉ោងនេះសម្រាប់កម្ពុជាបានបើកចំហរទំាងអស់ ហើយខ្ញុំគិតថាវាជាឱកាសមួយសម្រាប់ក្មេងៗស្រី ហើយគ្រួសារនីមួយៗគួរតែហ៊ានឱ្យកូនឬលើកទឹកចិត្តដល់កូនស្រីឱ្យគាត់ចូលរួមច្រើននៅក្នុងសង្គម កុំគិតបារម្ភរឿងអ្វីច្រើនពេក ហើយកុំដាក់គំនាបដល់កូនៗច្រើនពេក ខ្ញុំគិតថាស្ត្រីនៅថ្ងៃអនាគតគាត់មានឱកាសច្រើនធ្វើកិច្ចការពាណិជ្ជកម្មដូចបុរស។

លោកបណ្ឌិតសង្កត់ធ្ងន់ថា «ដើម្បីឱ្យសហគ្រិនស្ត្រីអាចដើរទៅមុខបានលឿនថែមទៀតនោះខ្ញុំគិតថាវិស័យអប់រំជាវិស័យអាទិភាពហើយស្ត្រីខ្លួនឯងត្រូវពង្រឹងសមត្ថភាពនិងហ៊ានប្រឈមជាមួយនិងគំនាបផ្សេងៗដោយខ្លួនឯង ហើយភាគីខាងបុរសគួរតែគិតអំពីគុណតម្លៃនិងលើកទឹកចិត្តដល់ស្ត្រីឱ្យបានច្រើន ដើម្បីឱ្យយើងអាចកសាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មមួយបានរវាងប្តីនិងប្រពន្ធកុំឱ្យដូចសម័យកាលពីដើមសេដ្ឋកិច្ចភាគច្រើនពឹងតែទៅលើគ្រួសារខាងប្តី»។

លោកបណ្ឌិតបន្តថា មកដល់បច្ចុប្បន្ននេះនៅកម្ពុជាស្ត្រីដែលជោគជ័យនៅក្នុងសេដ្ឋកិច្ចនិងសង្គមមានច្រើន ហើយបើមើលទៅតាមសមាគមផ្សេងទៀតស្ត្រីបានចូលរួមច្រើន។ជាក់ស្តែងនៅពេលខ្ញុំចូលរួមក្នុងកម្មវិធីចែករំលែកចំណេះដឹងនៅតាមបណ្តាខេត្តខ្ញុំឃើញស្ត្រីចូលរួមច្រើនជាងបុរស៕អត្ថបទ៖សារេត

 

ប្រភពពី៖ ឧកញ៉ាNews