សមាគមសហគ្រិនស្រ្ដីកម្ពុជា ផ្ដួចផ្ដើមបង្កើត រៀបចំទិវាសហគ្រិនស្រ្ដីកម្ពុជា ប្រចាំឆ្នាំ២០២៤ និងប្រគល់ពានរង្វាន់ គឺជាទិវាដ៍ធំអស្ចារ្យមួយក្នុងគោលបំណងបង្ហាញនូវភាពអង់អាចនៃអាជីវកម្មដែលដឹកនាំដោយស្ត្រី
លោកជំទាវលើកឡើងបន្ថែមថាកម្មវិធីប្រគល់ពានរង្វាន់ សហគ្រិនស្រ្តីឆ្នើមក្នុងសេដ្ឋកិច្ចបៃតង បានចំណាយពេលវេលាជាង២ខែគិតចាប់ពីការប្រកាសរើសបេក្ឋភាព ការជម្រុះបេក្ខភាព និងប្រកួតជ្រើសរើសឈានដល់វគ្គផ្តាច់ព្រ័ត្រមានបេក្ខនារី១៥រូប ហើយដែលនឹងជ្រើសរើសទទួលពានចំនួន៧រូប។ដោយឆ្លងកាត់វគ្គធ្វើបទបង្ហាញពីអាជីវកម្ម និងវគ្គឆ្លើយសំណួរពីគណៈកម្មការយ៉ាងសុក្រិត និងច្បាស់លាស់បំផុត។
សមាគមសហគ្រិនស្ត្រីកម្ពុជា ជាអ្នកតំណាងសំឡេងសហគ្រិនស្ត្រីនៅក្នុងប្រទេសកម្ពុជា និងតែងតែដើរតួយ៉ាងសំខាន់នៅក្នុងការចូលរួមជាមួយរដ្ឋាភិបាលក្នុងការបង្កើតគោលនយោបាយរួម។ គួររំលឹកផងដែរថា សមាគមសហគ្រិនស្រ្តីកម្ពុជាត្រូវបានបង្កើតជាផ្លូវការ នៅឆ្នាំ២០១២ ដោយស្ថាបនិកជាស្រ្តីចំនួន១៥រូប ក្រោមគំនិតផ្តួចផ្តើមដោយ លោកជំទាវកិត្តិបណ្ឌិតអ៊ឹង កន្ថាផាវី រដ្ឋមន្រ្តី ក្រសួងកិច្ចការនារី, លោកស្រី លីលី ស៊ីសម្បត្តិ និងការចូលរួមគាំទ្រពីធនាគារពិភពលោក។
ថ្លែងសន្ទរកថាបើកលោកជំទាវ សុខ ចន្ទឆវី រដ្ឋលេខាធិការក្រសួងកិច្ចការនារីបានឱ្យដឹងថាថ្ងៃនេះជាវេទិកាសំខាន់មួយនៃការពិភាក្សាអំពីកាលានុវត្តន៍ភាព បញ្ហាប្រឈម និងយុទ្ធសាស្រ្តសម្រាប់ដោះស្រាយរួមគ្នាក៏ដូចជាការកសាងភាពធន់ និងសមត្ថភាពឱ្យទាន់សភាពការណ៍ នូវបំលាស់ប្តូរក្នុងប្រទេសកម្ពុជា និងសកលលោកផងដែរ។ដូច្នេះដើម្បីឈានចូលដល់សេដ្ឋកិច្ចបៃតងគឺយើងត្រូវការមានធនធាន មានសមត្ថភាព មានថវិកា និងមានការគាំទ្រ។
សូមបញ្ជាក់ថានៅក្នុងវេទិកានេះមានការចូលរួមពីតំណាងថ្នាក់ដឹកនាំក្រសួងកិច្ចការនារី ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏ដូចជាថ្នាក់ដឹកនាំស្ថាប័ននានា តំណាងសមាគមសហគ្រិនស្រ្តីជាតិ អន្តរជាតិ ប្រមាណជា២០០នាក់។