សមាគមសហគ្រិនស្ត្រីកម្ពុជា បានចូលរួមសម្ពោធគម្រោង Academy for Women Entrepreneurs (AWE)
នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ សមាគមសហគ្រិនស្ត្រីកម្ពុជា ក្រោមការដឹកនាំរបស់លោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា បានចូលរួមសម្ពោធគម្រោង Academy for Women Entrepreneurs (AWE) ក្រោមអធិបតីភាពលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោកស្រី Bridgette L.Walker ភារៈធារីស្តីទីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា។
តាមរយៈយុទ្ធនាការ #Empowerនារី ស្ថានទូតអាមេរិកនៅភ្នំពេញ បានសហការជាមួយនឹងសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា និង Impact Hub Phnom Penh ក្នុងការបង្កើតវគ្គបណ្តុះបណ្តាលសម្រាប់សហគ្រិនស្ត្រី ដើម្បីចូលរួមលើកកម្ពស់ជំនាញផ្នែកធុរកិច្ច និងការភ្ជាប់ទំនាក់ទំនងកាន់តែប្រសើរនៅក្នុងសហគមន៍សហគ្រិនភាពស្ត្រីនៅកម្ពុជា។
គម្រោង AWE គឺជាគម្រោងដំបូងនៅកម្ពុជា ដើម្បីឱ្យសហគ្រិនស្ត្រីសម្រេចបាននូវសក្តានុពលពេញលេញ។ AWE នឹងនាំស្ត្រី ដែលមានឆន្ទៈ ចំនួន ៣០រូប នៅភ្នំពេញ និងខេត្តសៀមរាប ឲ្យចូលរួមក្នុងដំណើរក្នុងវគ្គបណ្តុះបណ្តាល ដើម្បីលើកកម្ពស់ជំនាញអាជីវកម្មរបស់ពួកគេ។