ជំនួបសហគ្រិនស្ត្រី ក្នុងកម្មវិធីតម្រង់ទិសសម្រាប់សមាជិកាថ្មីឆ្នាំ២០២៤
រក្សាចាស់ បង្កើននិងបង្កើតសមាជិកថ្មីជាឆន្ទ:រួមរបស់សហគ្រិនស្រី្តកម្ពុជាអាណតិ្តទី៥
លោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា(CWEA)អាណត្តិទី៥ បានអះអាងថា ការរក្សាសមាជិកចាស់បង្កើន និងបង្កើតសមាជិកថ្មីជាឆន្ទ:រួមរបស់សហគ្រិនស្រ្តីកម្ពុជា។ហើយលោកជំទាវក៏នឹងរំពឹងថា សមាជិកសហគ្រិនស្រី្តនឹងកើនដល់ជាង១ពាន់នាក់សម្រាប់អាណត្តិថ្មីនេះ។
លោកជំទាវប្រធានសមាគមថ្លែងបែបនេះជាមួយក្រុមអ្នកសារព័ត៌មាននៅក្នុងកម្មវិធីតម្រង់ទិសសម្រាប់សមាជិកាថ្មីឆ្នាំ២០២៤ និងជំនួបសហគ្រិនស្ត្រីកាលពីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសហប្រត្តិបត្តិការកម្ពុជា ជប៉ុន (CJCC) ។
នៅក្នុងកម្មវិធីតម្រង់ទិសនេះសមាជិការបស់សមាគមសហគ្រិនស្រី្តបានយល់ដឹងពីចក្ខុវិស័យ ទស្សន:វិស័យ និងផែនការសកម្មភាពរបស់សមាគមCWEAក្នុងការជួយជំរុញ អាជីវកម្មដែល គ្រប់គ្រងដោយសហគ្រិនស្ត្រីទូទាំងប្រទេស, បង្កើតឱកាសផ្គូផ្គងអាជីវកម្មសម្រាប់សមាជិកទាំងអស់(ចាស់/ថ្មី), បង្កើតសាមគ្គីភាព និងក្តីស្រលាញ់រវាងសមាជិក និងសមាជិក, ការតាំងបង្ហាញផលិតផលនិងស្វែងរកទីផ្សារថ្មីជូនសមាជិក, បង្កើនការលើកទឹកចិត្តជំរុញភាពអង់អាចក្លាហានក្នុងការអភិវឌ្ឍខ្លួនឱ្យក្លាយជាសហគ្រិនស្ត្រីដ៏រឹងមាំ ដើម្បីលើកស្ទួយសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ និងបង្កើនសមត្ថភាពសហគ្រិនស្ត្រីឱ្យមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ។
ចំពោះលក្ខខណ្ឌ ដែលបងប្អូនស្រី្តអាចក្លាយជាសមាជិកសមាគមសហគ្រិនស្ត្រីកម្ពុជាបាន លោកជំទាវបានឱ្យដឹងថា បងប្អូនស្ត្រីដែលមានមុខរបរ អាជីវកម្ម ឬស្ត្រីដែលមានតួនាទីមុខងារ មុខតំណែង នៅក្នុងស្ថាប័នឯកជនគឺអាចចូលរួមជាសមាជិកសមាគមបាន។
ហើយចំពោះអត្ថប្រយោជន៍នៃការចូលជាសមាជិកសមាគមសហគ្រិនស្រ្តីកម្ពុជានោះគឺសមាជិកទាំងអស់អាចបង្កើតទំនាក់ទំនងបណ្តាញក្នុងការប្រកបអាជីវកម្មមិនថាខ្នាតតូច មធ្យម ធំ នោះទេ។ ក្រៅពីទំនាក់ទំនងអាជីវកម្ម សមាជិកក៏ទទួលបានការបណ្តុះបណ្តាលពីជំនាញការគ្រប់គ្រងអាជីវកម្មផងដែរ។
សូមបញ្ជាក់ថានៅក្នុងកម្មវិធីតម្រង់ទិសនេះមានអ្នកចូលរួមប្រមាណជា១៥០នាក់។
និងមានការឡើងធ្វើបទបង្ហាញពីក្រុមប្រឹក្សាភិបាលអាណត្តិទី៥ដែលជាតំណាងគណៈកម្មការតាមផ្នែកនីមួយៗនិងការស្វែងរកសមាជិកស្ម័គ្រចិត្តចូលរួមនៅក្នុងគណៈកម្មការ។
គណៈកម្មការរួមមាន៖
១.គណៈកម្មការធុរកិច្ច
២.គណៈកម្មការអភិវឌ្ឍន៍ស្ថាប័ន
៣.គណៈកម្មការតស៊ូមតិ
៤.គណៈកម្មការ PR & Communication
៥.គណៈកម្មការ Access to finance