រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ឲ្យសហគ្រិនសម្លឹងមើលទីផ្សារក្នុងស្រុក និងរុញការផលិតឲ្យចំគោលដៅ

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ឲ្យសហគ្រិនសម្លឹងមើលទីផ្សារក្នុងស្រុក និងរុញការផលិតឲ្យចំគោលដៅ

​ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម លើកទឹកចិត្តឲ្យសហគ្រិនសម្លឹងមើលទីផ្សារក្នុងស្រុកឲ្យបានច្រើនអំពីតម្រូវការនៅតាមតំបន់នីមួយៗ និងជំរុញផលិតឲ្យចំគោលដៅ ហើយរុញការផ្គត់ផ្គង់ទៅតំបន់ទាំងនោះ ដែលជាផ្នែកមួយ ជួយលើកកម្ពស់វិស័យការងារ និងការចូលរួមក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងទិវាសហគ្រិនស្រ្តីកម្ពុជា នៅថ្ងៃទី៩ ខែ ធ្នូ ឆ្នាំ ២០២២ នេះថា ការធ្វើអាជីវកម្មដើម្បីឈានទៅប្រកួតប្រជែងផលិតផលនៅលើទីផ្សារ កត្តាដែលសំខាន់គឺផលិតផលមានគុណភាព ការពិសារមិនប៉ះពាល់ដល់បញ្ហាសុខភាព និងមានតម្លៃសមរម្យ ដែលបញ្ហាទាំងអស់នេះ ក្រសួងតែងតែលើកទឹកចិត្ត បណ្តុះបណ្តាលកម្មវិធី «ស៥» លើការអនុវត្តវិធីសាស្រ្តសាមញ្ញ ក្នុងការរៀបចំសណ្តាប់ធ្នាប់ និងរក្សាភាពស្អាតជានិច្ច ដែលកត្តាទាំងនេះនឹងជួយសន្សំប្រាក់ កាត់បន្ថយថ្លៃដើម បំពេញចិត្តអតិថិជន ផ្គត់ផ្គង់ទំនិញទាន់ពេល ពង្រឹងគុណភាព ផលិតផល បង្កើនបរិមាណផលិតកម្ម បង្កើនផលិតភាព និងជាចុងក្រោយបង្កើនប្រាក់ចំណេញរបស់ក្រុមហ៊ុន-សហគ្រាស។

ជុំវិញបញ្ហានេះ ដើម្បីឲ្យសហគ្រាសឈានចូលបដិវត្តន៍កម្មឌីជីថល ម្ចាស់ហគ្រាសត្រូវពង្រីកខ្លួន ពីការអនុវត្តតាមលក្ខណៈប្រពៃ ណី ឈានទៅប្រើប្រាស់បច្ចេកវិទ្យាឲ្យបានច្រើន ជាពិសេសការស្រាវជ្រាវស្វែងរកទីផ្សារ ការស្វែងយល់អំពីកិច្ចដំណើរផលិតកម្មទំនើបៗ នៅក្នុងបរិបថ្មី ដើម្បីឈានមកពង្រីកខ្លួនក្នុងខ្សែច្រវ៉ាក់កម្មផលិតរបស់យើង។

ហើយទាក់ទងទីផ្សារប្រកួតប្រជែងនេះដែរ សហគ្រិនគួរកុំសម្លឹងមើលតែទីផ្សារដែលធំ ឬទីផ្សារអ្នកមាននៅបរទេសខ្លាំង ដោយភ្លេចទីផ្សារក្នុងស្រុក ដែលបញ្ហានេះ, សហគ្រិនគួរសម្លឹងមើលទីផ្សារក្នុងស្រុកឲ្យបានច្រើន ថាតើតំបន់នីមួយៗត្រូវការអ្វី? សហគ្រិនគួរផលិត ឬវេចខ្ចប់ទំហំប៉ុន្មាន? ដើម្បីរុញចូលតំបន់ទាំងនោះ ដែលបញ្ហាទាំងនេះ ជាការដោះស្រាយលើខ្សែច្រវ៉ាក់ផលិតកម្មឲ្យដំណើរការជាប់រហូត និងប្រកបដោយនិរន្តរភាពបានយូរអង្វែង។

ចំណែកទាក់ទងការពង្រីក ឬពង្រឹងផលិតកម្ម, ឯកឧត្តមទេសរដ្ឋមន្រ្តី បន្តថា ប្រសិនសហគ្រិនអនុវត្តខ្សែច្រវ៉ាក់ផលិតកម្មបានល្អ ក្នុងនោះបើសហគ្រិនចង់ពង្រីកខ្សែច្រវ៉ាក់ផលិតកម្មបន្ថែម យើងនឹងអាចទទួលបានប្រាក់កម្ចីពីធនាគារបានយ៉ាងងាយ សម្រាប់យកមកអភិវឌ្ឍន៍ផលិតកម្មបន្ថែម ដែលកត្តាទាំងអស់នេះ គឺជាការចូលរួមលើកកម្ពស់វិស័យការងារ និងការចូលរួមក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ៕

ប្រភពពី៖ BTV

អត្ថបទ៖ សុន រ៉ាឌី