Photo Royal Palace 2015

                                                                    

សូមក្រាបបង្គំទូលថ្វាយ

សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ

ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និង សុភមង្គល

 

សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

            ក្នុងឱកាសដ៏មហានក្ខត្តឫក្ស ប្រកបដោយសិរីសួស្តីមង្គលមហាប្រសើរ នៃព្រះរាជពិធីចម្រើនព្រះជន្មគំរប់ ៨១ យាងចូល ៨២ព្រះវស្សានៃ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់បំផុត ទូលព្រះបង្គំខ្ញុំម្ចាស់ តាងនាមថ្នាក់ដឹកនាំ និងសមាជិកា នៃសមាគមសហគ្រិនស្ត្រីកម្ពុជា សូមព្រះបរមរាជានុញ្ញាតសម្តែងនូវ មនោសញ្ជេតនា​គោរពស្រលាញ់ ស្វាមីភក្តិ ប្រកបដោយក្តីនឹករលឹកជាពន្លឹក​ និងសូមចូលរួមជាមួយប្រជានុរាស្ត្រ កូនចៅ ចៅទួតរបស់ព្រះអង្គ ទាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជានៅឯនាយសមុទ្រ អបអរសាទរ និងថ្វាយព្រះសព្ទសាធុកាពរ មហាបវរដោយក្តីកតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅបំផុត។

            ដើម្បីជាកិច្ចតបស្នងព្រះមហាករុណាទិគុណ សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត ដែលបានដង្ហែតាម

ព្រះករុណាព្រះមហាវីរៈក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជារៀងរហូតគ្រប់កាលៈទេសៈ ដើម្បីព្រះរាជបូនីយកិច្ចឧទ្ទិសដល់ឧត្តមប្រយោជន៍ជាតិខ្មែរ ទួលព្រះបង្គំយើងខ្ញុំម្ចាស់ជាសហគ្រិនស្ត្រី សូមប្តេជ្ញាចិត្តជាឧឡាឫក្សប្រមែប្រមូលសហគ្រិនស្ត្រីកម្ពុជារួមគ្នាជាកម្លាំងសាមគ្គីនិងឯកភាពជាធ្លុងមួយក្រោមដំបូលនៃសមាគមសហគ្រិនស្ត្រីកម្ពុជា ដើម្បីការពារលើក​តម្តើង​សិទ្ធសេរីភាព និង  តួនាទីរបស់សហគ្រិនស្ត្រីក្នុងសង្គម និងគោរពដង្ហែតាមព្រះរាជបណ្តាំចុងក្រោយនៃ ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងការរួបរួមជាកម្លាំង ដូចពាក្យស្លោកបានពោលថា "ស្ត្រីគឺជាឆ្អឹងខ្នងនៃប្រទេសជាតិ" ដើម្បីបុព្វហេតុអភិវឌ្ឍន៍ជាតិមាតុភូមិ និងការពារបូរណភាពទឹកដីកម្ពុជា ឲ្យបានរីកចម្រើនរុងរឿង និងស្ថិតនៅគង់វង្សជាអមតៈ។

            ជាទីបញ្ចប់ទូលព្រះបង្គំខ្ញុំម្ចាស់ សូមលំឱនកាយ លើកហត្ថប្រណមបួងសួងដល់ឫទ្ធិបារមីនៃទេវតាទាំងមួយម៉ឺនលោកធាតុ វត្ថុសក្កសិទ្ធិទាំងឡាយ គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី ដួងព្រះវិញ្ញាណក្ខខ័ន្ធនៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយ៉ានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសដួងព្រះវិញ្ញាណក្ខខ័ន្ធនៃ ព្រះករុណា ព្រះបរមរតនកោដ្ឋ សូមព្រះអង្គតាមជួយប្រោះព្រំប្រសិទ្ធពរជ័យមហាប្រសើរថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់មានព្រះជន្មាយុយឺនយូរ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះបញ្ញាញាណវៀងវៃ ព្រះពលំខ្លាំងក្លា ដើម្បីគង់ប្រថាប់ជាម្លប់ និងដង្ហែរតាមព្រះរាជសកម្មភាពដ៏ថ្លៃថ្លានៃ សម្តេចព្រះមហាក្សត្រី ដើម្បីបុព្វហេតុជាតិ​ មាតុភូមិ និងភាពសុខក្សេមក្សាន្តដល់ប្រជារាស្ត្ររបស់ព្រះអង្គ។ ស្ថិតនៅក្នុងមនោសញ្ចេតនាគោរពស្រឡាញ់ របស់សមាជិកសមាគមសហគ្រិនស្រ្តីកម្ពុជា បានខិតខំប្រមែប្រមូលថវិកាផ្ទាល់ខ្លួនដើម្បីចូលរួមដង្ហែរក្នុងព្រះរាជកិច្ចដឹកនាំរបស់ សម្តេចម៉ែ ដើម្បីកសាងអាគារមន្ទីរពេទ្យ

សម្តេចឪ សម្តេចម៉ែ ក្នុងនេះប្រមូលបានថវិកាសរុបជាប្រាក់ចំនួន ១៦,៣៥០ ដុល្លារអាមេរិច និងប្រាក់រៀលចំនួន ១,២០០,០០០រៀល។ ជាមួយគ្នានេះដែរ សមាគមសហគ្រិនស្រ្តីកម្ពុជា សូមក្រាបបង្គំ សុំព្រះរាជានុញ្ញាតិសំដែងនូវការគោរពស្រឡាញ់ថ្វាយ សម្តេចព្រះមហាក្សត្រី ដោយសុំក្រាបបង្គំចូលគាល់ និងថ្វាយព្រះពរក្នុងមួយឆ្នាំម្តង ជារៀងរាល់ឆ្នាំ។

សូម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់ព្រះមេត្តាទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់ និងកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត អំពីទូលព្រះបង្គំខ្ញុំម្ចាស់ជាកូនចៅទាំងអស់គ្នា។

                                                        សូមក្រាបបង្គំទូលថ្វាយនៅរាជធានីភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧

                                                              ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា