សមាគមសហគ្រិនស្ត្រីកម្ពុជា សម្ពោធដាក់ឱ្យប្រើប្រាស់ «សៀវភៅ ស» ក្បាលទី២ និងក្បាលទី៣

សមាគមសហគ្រិនស្ត្រីកម្ពុជា សម្ពោធដាក់ឱ្យប្រើប្រាស់ «សៀវភៅ ស» ក្បាលទី២ និងក្បាលទី៣

2022-05-07 06:33pm

(ភ្នំពេញ)៖ «សៀវភៅ ស» ក្បាលទី២ និងក្បាលទី៣ ត្រូវបានដាក់សម្ពោធជាផ្លូវការដោយ សមាគមសហគ្រិនស្ត្រីកម្ពុជា នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ នៅក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។

ពិធីសម្ពោធសៀវភៅនេះ បានធ្វើឡើងក្រោមធិបតីភាព លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងមានការចូលរួមពេលមន្ត្រីរាជការ និងភ្ញៀវកិត្តិយសជាច្រើន។

លោកស្រី កែវ មុំ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា បានលើកឡើងថា នេះសមិទ្ធផលដ៏វិសេសវិសាលមួយ ក្នុងចំណោមសមិទ្ធផលនានាជាច្រើន ដែលយើងបាន និងកំពុងបំពេញក្នុងរយៈពេលកន្លងមកនេះ។ ថ្វីបើក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ ត្រូវបានរំខាន និងរារាំងដោយការរីករាលដាំលនៃជំងឺកូវីដ១៩ យ៉ាងណា ក៏យើងមិនបានបង្អង់ ឬបញ្ឈប់កិច្ចការរបស់យើងឡើយ ជាក់ស្តែងថ្ងៃនេះ ក្រោមជំនួយហិរញ្ញវត្ថុ និងបច្ចេកទេស ពីទីភ្នាក់ងារជំនួយអាមេរិក (USAID) តាមរយៈអង្គការផើកកម្ពុជា ក្រោម គម្រោងសហគ្រិននារីសកម្ម បានគាំទ្រយើងសម្រាប់ «សៀវភៅ ស» ក្បាលទី២ ខណៈមជ្ឈមណ្ឌលសម្រាប់សហគ្រាសឯកជនអន្តរជាតិ (CIPE) បានគាំទ្រយើងសម្រាប់ «សៀវភៅ ស» ក្បាលទី៣។

លោកស្រី បានបន្ថែមថា នេះជាមោទនភាពថ្មីមួយទៀតរបស់ សមាគមសហគ្រិនស្ត្រីកម្ពុជា ដើម្បីបង្ហាញ ទៅកាន់អ្នករាល់គ្នា និងពិភពលោកថា «យើងអាចធ្វើបាននូវអ្វីៗ គ្រប់យ៉ាងដូចបុរសដែរ ឲ្យតែយើងចង់ធ្វើ»។

គួរបញ្ជាក់ផងដែរថា សមាគមសហគ្រិនស្ត្រីកម្ពុជា បានដាក់សម្ពោធឲ្យ ប្រើប្រាស់ជាផ្លូវការនូវសៀវភៅស ក្បាលទី១ របស់ខ្លួន កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ ម្តងរួចមកហើយ។

ការកសាង «សៀវភៅ ស» ទាំង២នេះ គឺ ពិតជាមាសសារៈសំខាន់ខ្លាំងណាស់ ពីព្រោះវាគឺជាឯកសារមួយដ៏សំខាន់ សម្រាប់សមាគមសហគ្រិនស្ត្រីកម្ពុជា, អង្គការ, ស្ថាប័នរដ្ឋ និងឯកជន, ដៃគូ អភិវឌ្ឍន៍ ស្ថាប័នឬអ្នកស្រាវជ្រាវីជាដើម ដើម្បីប្រើប្រាស់ជាឯកសារក្នុង ការធ្វើគោលនយោបាយ ឬការកសាងសមត្ថភាព ឬស្វែងរកការគាំទ្រ ក្នុងន័យការពារផលប្រយោជន៍របស់ស្រ្តីនិយាយដោយឡែក និងដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ច ពង្រីកអេកូសហគ្រិនភាព និងស្ថេរភាពសង្គម និយាយជារួម៕

 

 ប្រភព៖ សមាគមសហគ្រិនស្ត្រីកម្ពុជា សម្ពោធដាក់ឱ្យប្រើប្រាស់ «សៀវភៅ ស» ក្បាលទី២ និងក្បាលទី៣ (freshnewsasia.com)