រដ្ឋមន្រ្តីក្រសួងកិច្ចនារី លើកទឹកចិត្តដល់សហគ្រិនស្រ្តី បន្តប្រឹងប្រែងចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម

រដ្ឋមន្រ្តីក្រសួងកិច្ចនារី លើកទឹកចិត្តដល់សហគ្រិនស្រ្តី បន្តប្រឹងប្រែងចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម

2022-04-01 12:27pm

(ភ្នំពេញ)៖ លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចនារី បានលើកទឹកចិត្ត និងសំណូមពរ ដល់សហគ្រិនស្រ្តី បន្តប្រឹងប្រែងក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ជាពិសេសក្នុងបរិបទស្តារសេដ្ឋកិច្ច ក្នុងបរិការណ៍នៃការរស់នៅតាមគន្លងថ្មី។

 

ការថែ្លងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី អញ្ជើញចូលរួមជាអធិបតី ក្នុងកម្មវិធីបើកសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ និងខួបអនុស្សាវរីយ៍ឆ្នាំទី១០ នៃសមាគមសហគ្រិនស្រ្តីកម្ពុជា (CWEA) នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។

 

ក្នុងឱកាសនោះ ក្នុងនាមរដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងជាសហស្ថាបនិក ក្នុងការបង្កើតសមាគមសហគ្រិនស្រ្តីកម្ពុជា លោកស្រីកិត្តិបណ្ឌិត បានចូលរួមអបអរសាទរ និងកោតសរសើរ ចំពោះការខិតខំប្រឹងប្រែង និងលះបង់របស់ក្រុមប្រឹក្សាភិបាល និងសមាជិកទាំងអស់ ដែលនាំឲ្យសមាគមទទួលបានលទ្ធផលការងារ និងភាពរីកចម្រើន ដូចបច្ចុប្បន្ន។

 

លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី បានគូសបញ្ជាក់ថា ជាក់ស្តែងសមាគម បានរៀបចំស្រាវជ្រាវជាសៀវភៅស ទី១ ទី២ និងទី៣ អំពីតម្រូវការ និងបញ្ហាប្រឈមរបស់ស្រ្តីជាសហគ្រិន ដែលអាចក្លាយជាទុន ក្នុងការសិក្សាស្រាវជ្រាវ និងជាធាតុចូល ដល់ការរៀបចំវិធានការគោលនយោបាយ ដើម្បីដោះស្រាយបញ្ហាប្រឈម របស់សហគ្រិនស្រ្តី។

 

ជាមួយគ្នានេះ លោកស្រីកិត្តិបណ្ឌិត ក៏បានលើកឡើងពីការចិត្តទុកដាក់ខ្ពស់ និងកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់ចេញ នូវវិធានការគោលនយោបាយ និងការគាំទ្រនានា ក្នុងការលើកកម្ពស់សហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជា រួមទាំងស្រ្តីជាសហគ្រិន ដែលមានដូចជា ការដាក់ចេញនូវមូលនិធិអភិវឌ្ឍន៍សហគ្រាស, ធនាគារសហគ្រាសធុនតូចនិងមធ្យម ក៏ដូចជាដូចជាយុទ្ធសាស្រ្តជាតិ ស្តីពីបរិយាបន្នហិរញ្ញវត្ថុជាដើម។

សម្រាប់ថ្នាក់តំបន់ និងក្នុងនាមកម្ពុជា ជាម្ចាស់ផ្ទះប្តូរវេនអាស៊ាន នៅឆ្នាំ២០២២នេះ ក្រសួងកិច្ចការនារី នឹងរៀបចំកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ ស្រ្តីអាស៊ានលើកទី២ ក្រោមមូលបទ «ការកសាងឲ្យកាន់តែមានចីរភាព បរិយាបន្ន និងភាពធន់ក្នុងពេលអនាគត តាមរយៈការលើកកម្ពស់សហគ្រិនភាពរបស់ស្រ្តីក្នុងតំបន់អាស៊ាន»។

កិច្ចប្រជុំនេះ នឹងក្លាយជាព្រឹត្តការណ៍ថ្នាក់តំបន់ ដែលអនុញ្ញាតដល់សម្លេងស្រ្តី ត្រូវបានលើកបង្ហាញដល់ថ្នាក់ដឹកនាំកំពូលរបស់បណ្តាប្រទេសអាស៊ាន និងរំពឹងថាអាស៊ានចេញនូវសេចក្តីប្រកាសអាស៊ានមួយលើ មូលបទពាក់ព័ន្ធសហគ្រិនភាពស្រ្តី ដូចបានបញ្ជាក់ខាងលើ។

 

ជាមួយគ្នានេះ លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី ក៏បានលើកទឹកចិត្ត និងសំណូមពរ ដល់សហគ្រិនស្រ្តី បន្តប្រឹងប្រែងក្នុងការចូលរួមចំណែក អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ជាពិសេសក្នុងបរិបទស្តារសេដ្ឋកិច្ច ក្នុងបរិការណ៍នៃការរស់នៅតាមគន្លងថ្មី និងការចូលរួមក្នុងសមាហរណកម្ម ក្នុងតំបន់ និងលើឆាកអន្តរជាតិ។

 

គួររំលឹកផងដែរថា សមាគមសហគ្រិនស្រ្តីកម្ពុជា ត្រូវបានបង្កើតជាផ្លូវការ នៅឆ្នាំ២០១២ ដោយមានការផ្តួចផ្តើម ដោយលោកស្រីកិត្តិបណ្ឌិតរដ្ឋមន្រ្តី ក្រសួងកិច្ចការនារី និងការចូលរួមគាំទ្រពីលោក សុក ស៊ីផាន់ណា និងលោកស្រី លីលី សម្បត្តិ៕

 

ប្រភព៖ Fresh News: http://freshnewsasia.com/index.php/en/localnews/236648-2022-04-01-05-27-18.html?fbclid=IwAR1CLaP1zYUSQeMS_b7kLwHpIymv7QK2-ErCcPmhcgWcHqELcu6efA3995Q