សមាគមសហគ្រិនស្ត្រីកម្ពុជា ធ្វើការជួបសម្តែងការគួរសម និងអបអរសាទរ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣៖ សមាគមសហគ្រិនស្ត្រីកម្ពុជា ដែលមានលោកជំទាវ ឧកញ៉ា  មហាឧបាសិកាសាសនូបត្ថម្ភន៍ កែវ មុំ ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជាបានដឹកនាំក្រុមប្រឹក្សាភិបាល និងសមាជិក គណៈកម្មការនៃសមាគមសហគ្រិនស្ត្រីកម្ពុជាធ្វើការជួបសម្តែងការគួរសម  និងអបអរសាទរ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងឱកាសដ៏ប្រសើរថ្លៃថ្លាដែល ឯកឧត្តម ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា នៅទីស្តីការក្រសួងការងារ។

នៅក្នុងឱកាសជួបសម្តែងការគួរសមនេះលោកជំទាវប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជាបានជម្រាបពីបច្ចុប្បន្នភាពទាក់ទងនឹងសកម្មភាពដែលសមាគមបានអនុវត្តកន្លងមក និងបានពិភាក្សាស្នើរសុំមតិយោបល់ពីឯកឧត្តម ដើម្បីពង្រឹង និងលើកទឹកចិត្តសហគ្រិនស្រ្តីចំពោះបញ្ហាប្រឈម ក្នុងនោះមានដូចជាការវេចខ្ចប់ផលិតផលនាំចេញឱ្យមានស្តង់ដា  និងការស្វែងរកដៃគូសហការដើម្បីពង្រីកទីផ្សារផ្គត់ផ្គង់ -ល-។

លោកជំទាវប្រធាន ក៏បានជម្រាបជូនបន្ថែមទៀតដែរថា នៅឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥ កម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះ និងប្រធានប្តូរវេន នៃបណ្តាញសហគ្រិនស្រ្តីអាស៊ាន (ASEAN Entrepreneur’ Network – AWEN) ដែលដឹកនាំសម្របសម្រួល ដោយបណ្តាញសហគ្រិនស្រ្តីកម្ពុជា (CamWEN)។

លោកជំទាវប្រធាន បានថ្លែងអំណរគុណដល់ ឯកឧត្តម ដែលបានអនុញ្ញាត និងទទួលស្វាគមន៍គណៈប្រតិភូសមាគមសហគ្រិនស្រ្តីកម្ពុជាយ៉ាងកក់ក្តៅជាទីបំផុត។

តាងនាមថ្នាក់ដឹកនាំ សមាជិកសមាជិកាក្រុមប្រឹក្សាភិបាល  បុគ្គលិកលេខាធិការដ្ឋាននៃសមាគមសហគ្រិនស្រ្តីកម្ពុជា សូមគោរពជូនពរ ឯកឧត្តម សូមជួបតែសេចក្តីសុខ សេចក្តីចម្រើន  និងសូមបានប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍។