លោកជំទាវឧកញ៉ា មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ កែវ មុំ ប្រធានសមាគម បានដឹកនាំគណៈប្រតិភូក្រុមប្រឹក្សាភិបាល ស.ស.ស.ក ការជួបសម្តែងការគួរសម សំណេះសំណាល និងពិភាក្សាការងារនៅក្រសួងពាណិជ្ជកម្ម

នៅថ្ងៃទី២០ ខែធ្នូ​ ឆ្នាំ២០២១ សមាគមសហគ្រិនស្រ្តីកម្ពុជាក្រោមការដឹកនាំពី លោកជំទាវ ឧកញ៉ា មហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ កែវ មុំ ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា សមាជិក សមាជិកាក្រុមប្រឹក្សាភិបាលនៃសមាគមសហគ្រិនស្រ្តីកម្ពុជា បានជួបសម្តែងការគួរសម សំណេះសំណាល និងពិភាក្សាការងារជាមួយ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការ តំណាង ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

ជាកិច្ចចាប់ផ្តើមលោកជំទាវ ឧកញ៉ា​ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា បានជម្រាបជូន អំពីរបាយការណ៍ សាវតា រចនាសម្ព័ន្ធនៃសមាគម និងសមិទ្ធិផលនានា ដែលសមាគមសម្រេចបាននាពេលកន្លងមក។

ក្នុងកិច្ចជំនួបនោះដែរ លោកជំទាវ ឧកញ៉ា​ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា បានបង្ហាញនៅសៀវភៅស ដែលសមាគមបានរកឃើញនូវបញ្ហាប្រឈមនានា ដែលតម្រូវឱ្យមានការចូលរួមដោះស្រាយពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងនោះមានបញ្ហាសំខាន់ៗចំនួន០៣ (១)ការចូលទៅកាន់ទីផ្សារ  (២)ឱកាសទទួលបានហិរញ្ញប្បទាន និង(៣)ការបណ្តុះបណ្តាលជំនាញឌីជីថល។ ហើយលោកជំទាវឧកញ៉ា ក៏បានស្នើសុំនូវទិន្នន័យអ្នកផលិត និងផលិតផល ពីក្រសួងពាណិជ្ជកម្ម ដើម្បីដាក់បញ្ចូលក្នុងសៀវភៅសនោះ ដើម្បីជួយលើកកម្ពស់សហគ្រាស​ ធនតូច​ និងមធ្យម​ និងជួយជំរុញការផ្សព្វផ្សាយផលិតផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិ។​​

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ ក៏បានជម្រាបជូន គណៈប្រតិភូស​មាគមសហគ្រិនស្ត្រីកម្ពុជាដែរថា អំពីវឌ្ឍនភាពនៃសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា ទោះបីជាទទួលការរំខានបរិបទក្នុងអំឡុងពេលកូវីដ-១៩ក៏ដោយ។

លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងអំណរគុណចំពោះយ៉ាងជ្រោលជ្រៅចំពោះសមាគមសហគ្រិនស្ត្រីកម្ពុជា ដែលបានដើរតួយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ក្រសួងពាណិជ្ជកម្ម បានត្រៀមខ្លួនរួចជាសេ្រចក្នុងការសហការគាំទ្រដល់សហគ្រិន ជំរុញនិងពង្រីកការធ្វើធុរកិច្ចរបស់សហគ្រិនស្រ្តី ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ច។

លោកជំទាវ ឧកញ៉ា​ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា ក៍បានថ្លែងអំណរគុណយា៉ងជ្រោលជ្រៅ និងកោតសរសើរដល់ក្រសួងពាណិជ្ជកម្មក្នុងកិច្ចការសម្របម្រួល​ ក្នុងការជួយលើកកម្ពស់ដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម ​ និងជំរុញផលិតផលខ្មែរទៅប្រទេសកម្ពុជា។